ភាពជោគជ័យនៃព្រឹត្តិការណ៍ Sangkran By NhamFesta ផ្តួចផ្តើមដោយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន
09 Apr 2024
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ មហាសង្ក្រាន្ត ញុំាហ្វេសតា Sangkran By NhamFesta ទទួលបានភាពជោគជ័យ និងការគាំទ្រ និងចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ជ្រោយចង្វារ គួរឱ្យកត់សំគាល់ រយៈពេលបីថ្ងៃកន្លងមកនេះ ដែលបានផ្តួចផ្តើមរៀបចំឡើង ដោយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន សហការជាមួយនឹង Unbox Marketing នៅទីតាំងគម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី កាលពីថ្ងៃទី ៥ ៦ និង ៧ ខែមេសា ឆ្នាំ២០២៤ ក្នុងទិដ្ឋភាពចូលរួមអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរដ៏ធំ និងប្លែក នៅកម្ពុជា ជាមួយនឹងបរិយាកាសដ៏សប្បាយរីករាយ។
ព្រឹត្តិការណ៍ មហាសង្ក្រាន្ត ញុំាហ្វេសតា Sangkran By NhamFesta ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍មួយនៃការឆ្លុះបង្ហាញនូវការលើកស្ទួយ គាំទ្រ និង អភិរក្ស នូវវប្បធម៌ ប្រពៃណីជាតិ ទំនៀមទំលាប់អំពីការរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ដោយបាននាំមកនូវ ការតាំងបង្ហាញម្ហូបអាហារបែបវប្បធម៌ដ៏ធំ និងប្លែក ជាមួយជម្រើសយ៉ាងច្រើនសំបូរបែប ដែលផ្សារភ្ជាប់ និងបង្កប់ន័យអំពីប្រវត្តិសាស្រ្ត និងក៏មានជាមួយការរៀបចំឡើងនូវការសម្តែងរបាំប្រពៃណី ការចាក់បញ្ជាំងទស្សនីយភាព ល្ខោននិយាយ អមដោយការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនទៀតផងដែរ ដែលសុទ្ធសឹងជាចងភ្ជាប់ ទៅនឹងទំនៀមទម្លាប់ ប្រពៃណី សាសនា វប្បធម៌របស់ដូនតាខ្មែរដែលបានបន្សល់ទុក។ បន្ថែមពីនេះ ក៏មានការប្រគុំតន្ត្រីបែបសម័យ និងការរាំលេងកម្សាន្ត ក្នុងគោលបំណងបង្ករបរិយាកាសអោយកាន់តែសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមទៀតផង។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះទទួលបានភាពជោគជ័យ និងការគាំទ្រ ដែលមានអ្នកចូលរួមទស្សនារហូតដល់ទៅជិត១ម៉ឺននាក់ និងការតាំងបង្ហាញម្ហូបប្រពៃណី ដែលមានប្រមាណជាង ៨០ស្តង់ ជាមួយការសម្តែង ព្រមទាំងល្បែងប្រជាប្រិយខ្មែរជាច្រើនទម្រង់ ដែលកម្មវិធីបានប្រព្រឹត្តិទៅយ៉ាងរលូននៅលើទីធ្លាគម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី ដែលជាគម្រោង លំនៅឋានដ៏ធំជាងគេមួយក្នុងតំបន់ជ្រោយចង្វារ។
ក្នុងនោះដែរ លោក គ្រួច សុភក្ត្រា នាយកចាត់ការទូរទៅក្រុមហ៊ុន អ័រគីដេ ឌីវេឡុបម៉ិ បានសម្តែងការសាទរ នូវភាពជោគជ័យមួយនេះ និងបានគូសបញ្ជាក់ផងដែរថា «ទីតាំងនៃគម្រោងនេះផ្ទាល់បានដើរតួនាទីយ៉ាងសំខាន់ ដែលជំរុញឱ្យមានការចូលរួមយ៉ាងច្រើនពីសំណាកបងប្អូនប្រជាពលរដ្ឋក្នុង និងក្រៅគម្រោង បានចូលរួមដោយងាយស្រួល និងមានភាពសប្បាយរីករាយ ក៏ព្រោះហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងធំទូលាយ បរិយាកាសល្អ មានសួន មានភ្លើងបំភ្លឺពាសពេញដងផ្លូវក្នុងគម្រោង និងជាពិសេស គម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី ត្រូវបានស្គាល់ថាគម្រោងមួយធំមានទំហំរហូតជាង ២០០ ហិកតា ចម្រុះដោយ ហេដ្ឋារចនាសម្ព័ន្ធយ៉ាងសំបូរបែបរួមមាន ក្លឹបហាត់ប្រាណ ដឹប៊ូតានិចស៊ីធី សាលារៀនអន្តរជាតិ ស្ថានីយរំដោះទឹកជំនន់ សួនធម្មជាតិចម្រុះ និងកន្លែងកម្សាន្តជាច្រើនទៀតក្នុងគម្រោង ដោយអមជាមួយប្រភេទផ្ទះវីឡាស្អាតៗផងដែរ ដែលធ្វើឱ្យគម្រោងក្លាយជាតំបន់មួយដែលងាយស្រួលក្នុងការប្រារព្ធកម្មវិធី និងងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋចូលរួម»៕